Giethoorn ភូមិចម្លែក ដ៏ស្រស់ស្អាត នៅប្រទេសហូឡង់
Giethoorn ជាភូមិមួយដ៏ចម្លែក ដែលគ្មានផ្លូវគោក ហើយជាតំបន់ទាក់ទាញ ភ្ញៀវទេសចរយ៉ាងខ្លាំង នៅក្នុងប្រទេសហូឡង់ ត្រូវបានគេឲ្យឈ្មោះថា "Venice of the North"។ នៅក្នុងភូមិនេះ គ្មានផ្លូវគោកសម្រាប់ការបើកបរម៉ូតូ ឬរថយន្តនោះទេ រាល់ការដឹកជញ្ជូន និងការធ្វើដំណើរ គឺតាមរយៈផ្លូវទឹក ដែលមានប្រឡាយជាច្រើននៅក្នុងភូមិ។
ទឹកជាច្រើននៅក្នុងភូមិ គឺបន្សល់ទុកមកពី គ្រោះទឹកជំនន់ St Elizabeth យ៉ាងធំ កាលពីឆ្នាំ ១១៧០ ហើយភូមិនេះត្រូវបានគេរកឃើញ និងសាងសង់ឡើងវិញ នៅក្នុងឆ្នាំ ១២៣០។ មុនពេលដែលមានគ្រោះទឹកជំនន់មកដល់ ភូមិមួយនេះ មានឈ្មោះហៅថា ‘Geytenhorn’ ។
ផ្ទះជាច្រើនត្រូវបានគេសាងសង់ នៅលើកោះតូចៗ ហើយស្ពានឈើគេសាងសង់ឡើង ដើម្បីភ្ជាប់ពីកោះមួយទៅកោះមួយទៀត។ ប្រជាជននៅភូមិនេះ ប្រើប្រាស់ទូកតូចៗ រួមជាមួយ ម៉ាស៊ីនអេឡិចត្រូនិចយ៉ាងស្ងាត់ ក្នុងការធ្វើដំណើរ។
ភូមិ Giethoorn បានក្លាយជាភូមិមួយដ៏ល្បី និងទាក់ទាញភ្ញៀវទេសចរ នៅក្នុងឆ្នាំ ១៩៥៨ នៅពេលដែលលោក Bert Haanstra ជាផលិតករភាពយន្ត បានមកថតខ្សែភាពយន្តកំប្លែង "Fanfare" នៅក្នុងភូមិនេះរួចមក៕
No comments:
Post a Comment